បើកការដ្ឋានជួសជុលផ្លូវ២ខ្សែក្នុងស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ ផ្លូវក្នុងស្រុកព្រៃនប់ចំនួនពីរខ្សែ គឺផ្លូវលេខ ១៤៦B ប្រវែង ៣.៥៨០ម៉ែត្រ និងផ្លូវលេខ ១៤៨ ប្រវែង ២.៣២០ម៉ែត្រ ដោយក្រាលកៅស៊ូ DBST នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានជុសជួលនៅថ្ងៃទី២០ ខែសីហានេះ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន មានប្រសាសន៍ថា ពិធីបើកការដ្ឋានជួលជុលផ្លូវ ២ខ្សែ ផ្លូវ២ខ្សែនេះតភ្ជាប់មកក្រុងព្រះសីហនុ ឆ្លងកាត់ស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ បំរើឱ្យការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

លោកបន្តថា ខេត្តព្រះសីហនុ មានសក្តានុពលផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស អ្វីជាការចាប់អារម្មណ៍ គឺផ្លូវជាតិ​លេខ៤ បំរើការដឹកជញ្ជូនសម្ភារៈ និងទេសចរណ៍ ម្យ៉ាងដោយសារមធ្យោបាយយានយន្តមានការកើនឡើង ការប្រើប្រាស់ដងផ្លូវតែមួយ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងបញ្ហាប្រឈមកើតឡើងធ្វើឱ្យផ្លូវថ្នល់ខូចខាត ។

លោកបន្ថែមថា ហេតុនេះយើងត្រូវដោះស្រាយបញ្ហាប្រឈម ដោយបង្វែផ្លូវដឹកជញ្ជូនចេញពីទំនប់រលក ក្រុងព្រះសីហនុ ឆ្លងកាត់ស្រុកស្ទឹងហាវមកកាន់ស្រុកព្រៃនប់ សម្រាប់រថយន្តដឹកជញ្ជូនធុនធ្ងន់ ។ ថ្ងៃនេះយើងបើកការដ្ឋានជួសជុលផ្លូវ ០២ខ្សែនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

ការជួសជុលផ្លូវមិនសំដៅបំរើឱ្យទេសចរណ៍ណាទេ គឺសាងសង់បំរើឱ្យវិស័យពាណិជ្ជកម្ម និងការដឹកជញ្ជូន នេះបើតាមការបន្ថែមរបស់អភិបាលខេត្តព្រះសីហនុ។ លោកថា សម្រាប់ខេត្តព្រះសីហនុត្រូវធ្វើផ្លូវបេតុង កម្រាស់យ៉ាងតិច ០.២០ ម៉ែត្រ សសៃដែក ដើម្បីធានាការដឹក ជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ផ្លូវក្នុងខេត្តព្រះសីហនុ ជាគោលការណ៍របស់ខេត្ត ការកសាងផ្លូវ ជាផ្លូវបេតុង​ធានាភាពរឹងមាំ ហើយមន្ត្រីបច្ចេកទេសកំពុងចុះសិក្សានៅតាមផ្លូវមួយចំនួនចាំបាច់ ដើម្បីប្រើប្រាស់កញ្ចប់ថវិកាខេត្តសាងសង់នាពេលខាងមុខ ឯចំពោះមុខមានសប្បុរស​ជននានា​ចូលរួមគាំទ្រជាថវិកា ឬការសាងសង់ដោយផ្ទាល់។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូនបានបញ្ជាក់ថា ការសាងសង់យើងយកកញ្ចប់ថវិកាពីប្រភពផ្សេង មកធ្វើការជួសជុលដោះស្រាយ បញ្ចៀសការកក ស្ទះចរាចរណ៍ សម្រាប់ឡានដឹកទំនិញធុនធ្ងន់ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រសួងបានធ្វើការសិក្សាជាមួយក្រុមហ៊ុនបរទេស ស្តីពីគុណភាពផ្លូវនេះ និងពង្រីកលទ្ធភាពការដឹកជញ្ជូន ដោយសារការរីកចម្រើននៃសេដ្ឋកិច្ច ធ្វើឱ្យការដឹកជញ្ជូនធ្ងន់ៗមានការកើនឡើង ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារ​សុខសន្តិភាព មានឱកាសកសាងប្រទេស ។ ក្រសួងបានសិក្សា ចរចារពង្រីក និងជួសជុលផ្លូវ​ជា​ច្រើនខ្សែតាមលក្ខណៈបច្ចេកទេសរឹងមាំ ប្រើប្រាស់យូរអង្វែង និងបន្តជួសជុលផ្លូវជាតិលេខ៣ ពីវាលរេញ ទៅខេត្តកំពត យើងក៏ត្រូវពង្រីកផ្លូវជាតិលេខ៤ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ផងដែរ ។

ផ្លូវដែលជួសជុលនេះគឺផ្លូវលេខ ១៤៦B (វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស) មានប្រវែងសរុប ២៤,៥០km ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+ ១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ មកដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ចំពោះផ្លូវមួយខ្សែទៀតគឺផ្លូវលេខ ១៤៨ (វិថីសម្តេចតេជោ ហ៊ុន សែន) មានប្រវែងសរុប ២៣គីឡូ ម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ ២២៥+៥០០ (មុខកំពង់ផែក្រុងព្រះសីហនុ) ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ មកដល់ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕