អភិបាលខេត្តកំពង់ធំ ថ្លែងថា ដីរបស់រដ្ឋ មិនមែនជាដីកម្មសិទ្ធរបស់បុគ្គលណាម្នាក់ទេ

កំពង់ធំ៖ ក្នុងឱកាស​​ចែកជូន អង្ករ និងស័ង្កសី ដល់ពលរដ្ឋ ៥៥១គ្រួសារ ក្នុងគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក នៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ។

អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានថ្លែងថា ដីសម្បទានសង្គមកិច្ចដែលគម្រោង LASED II ចែកជូនបងប្អូន​ប្រជាពលរដ្ឋ​ គឺជាដីរបស់រដ្ឋ មិនមែនជាដីកម្មសិទ្ធរបស់បុគ្គលណាម្នាក់ទេ​ ហេតុនេះ  សូមបងប្អូនដែលទទួលបានដីនេះ កុំមានការភ័យខ្លាច​ ត្រូវចូលទៅអាស្រ័យផល ត្រូវខិតខំបង្ករបង្កើនផល ហើយយកគ្រាប់ពូជដំណាំ និងដាំកូនឈើហូបផ្លែ ដែលបានផ្តល់ជូននាពេលកន្លងមក ទៅដាំលើដីដែលជាកម្មសិទ្ធិរបស់បងប្អូន ឲ្យបានគ្រប់ៗគ្នា ​។

​អភិបាលខេត្តកំពង់ធំបញ្ជាក់ថា  ​ សម្បទានិក ដែលនឹងចូលទៅរស់នៅលើដីសម្បទានសង្គមកិច្ច​របស់រាជរដ្ឋាភិបាលនៅពេលនេះ ក្នុងមួយគ្រួសារទទួលបាន ដីឡូតិ៍លំនៅឋានទំហំ ៣០ម៉ែត្រX៤០ម៉ែត្រ និងដីឡូតិ៍កសិកម្មទំហំ ២ហិកតា។ ជាមួយគ្នានេះដែរ យើងបានចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករ ២០០គីឡូក្រាម និងស័ង្កសីចំនួន ៤០សន្លឹក ដែលមានប្រវែង៣ម៉ែត្រ ក្នុងនោះដែលគម្រោងនឹងបន្តផ្ដល់ជូន អំពូលពន្លឺព្រះអាទិត្យថែមទៀត និងភ្ជួរដីកសិកម្មជូនដោយមិនគិតថ្លៃ។

លោកអភិបាលខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមថា បងប្អូនត្រូវរស់នៅលើដីនេះក្នុងរយៈពេល៥ឆ្នាំ ទើបប្រគល់ប្លង់រឹងជូន ហើយសូមពុកម៉ែបងប្អូនទាំងអស់ សូមមេត្តាកុំលក់ដីនេះឱ្យសោះទុកសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត៕