សមាគមបេសកកម្មដំណឹងល្អ ចែកអំណោយដល់ពលរដ្ឋក្រីក្រ ២០០គ្រួសារ នៅស្រុកលំផាត់

រតនគីរី៖ សមាគមបេសកកម្មដំណឹងល្អបានចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបប្រទះ ការលំបាកខ្វះខាតស្បៀងអាហារ និងរងផលប៉ះពាល់ដោយសារទឹកជំនន់ ចំនួន២០០គ្រួសារ​នៅស្រុកលំផាត់ ខេត្តតនគិរី។

នាយកប្រតិបត្តិសមាគមបេសកកម្មដំណឹងល្អ លោក ខាន់ ខុន បានថ្លែងថា ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរ​ទាំងអស់គ្នា គួរគប្បី ត្រូវចេះស្រឡាញ់រាប់អានគ្នា និងចេះជួយគ្នាទៅវិញទៅមកពិសេស នៅក្នុងពេលជួបការ​លំបាក និងគ្រាមានអាសន្នដោយមិនប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរនិងវណ្ណៈនោះឡើយ។

ការចែកអំណោយមនុស្សធម៌នេះ បានធ្វើឡើងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ ហើយអំណោយទាំងអស់នេះ គឺជាព្រះពររបស់ ព្រះយេស៊ូគ្រីស្ទ នឹងសប្បុរសជន ដែលជាដៃគូរសមាគមបេសកម្មដំណឹងល្អផងដែរ។

អំណោយដែលចែកជូនប្រជាជនចំនួន ២០០គ្រួសារ គឺក្នុងមួយគ្រួសារទទួលបាន អង្ករមួយបេ ៣០គីឡូ, ត្រីខ ១យួរ, ស្ករសមួយគីឡូ, អំបិល ១គីឡូ, ទឹកស៊ីអ៊ីវ ១យួរ, មុង១, ភួយ១, មី ១កេស, និងធុងចម្រោះទឹកស្អាតរូបទន្សាយ១។

​ជាមួយគ្នានោះដែរប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវការលំបាក ខ្វះខាតស្បៀងអាហារ មកពីភូមិទាំងបី ក្នុងស្រុកលំផាត់ ខេត្តរតនគិរី បានសំដែងនូវការត្រេកអរ និងសប្បាយរីករាយបំផុត ដែលទទួលបានអំណោយ​នៅថ្ងៃនេះ ស្របពេលដែលពួកគាត់កំពុងតែរងផលប៉ះពាល់ ដោយសារទឹកជំនន់ គ្រោះរាំងស្ងួត នឹងជំងឺដង្កាត់ផ្សេងៗ ដែលកត្តាទាំងអស់នេះជាបញ្ហា បង្កការលំបាកដល់ ជីវភាពរស់នៅរបស់ពួកគាត់៕