ការអប់រំបេតិកភណ្ឌ​អាចធ្វើឱ្យយុវជន​ស្រាវជា្រវចងក្រងឯកសារដោយខ្លួនឯង​នៅក្នុងសហគមន៍របស់ខ្លួន

សៀមរាប៖ សិស្សានុសិស្សនៅសាលាបឋមសិក្សាស្រះស្រង់ និងសិស្សវិទ្យាល័យនគរធំ (ស្ថិតក្នុងតំបន់អង្គរ) សរុបប្រមាណ ២០០នាក់ ទទួលបានការអប់រំបណ្ដុះបណ្ដាលចំណេះដឹងអំពីបេតិកភណ្ឌ ដែលដំណើរការ​អប់រំនេះ​ធ្វើឡើងក្រោមកិច្ចសហការរវាងអង្គការគាំពារកេរមរតក ជាមួយអាជ្ញាធរជាតិអប្សរា និងសប្បុរសជន។

សមាជិកក្រុមប្រឹក្សាភិបាលអង្គការគាំពារកេរមរតក និងអនុប្រធានក្រុមការងារអប់រំបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា កម្មវិធីអប់រំបេតិកភណ្ឌជាផ្នែកមួយនៃ​កម្មវិធីអប់រំរបស់ក្រសួង ដោយផ្តោតទៅលើបច្ចុប្បន្នភាពនៃការស្រាវជ្រាវរបកគំហើញថ្មីៗ ដើម្បីបង្រៀនដល់សិស្សានុសិស្សឱ្យយល់ដឹងច្បាស់លាស់ទាន់សម័យកាល។

លោកថា ចំពោះសិស្សបឋមសិក្សាបង្រៀនមូលដ្ឋាន ឱ្យស្គាល់ទូទៅអ្វីជាបេតិកភណ្ឌ មានអ្វីខ្លះ អ្វីជាកេមរតក? ដោយសិក្សាក្នុងថ្នាក់ និងចុះសិក្សានៅតាមរមណីយដ្ឋានប្រវត្តិសាស្រ្ត សារមន្ទីរ និងផាត់គំនូរពណ៌ជាដើម។ រីឯសិស្សវិទ្យាល័យ បង្រៀនពីសេចក្តីណែនាំទូទៅនៃប្រវត្តិសាស្រ្ត បុរាណវិទ្យា នរវិទ្យា និងវិធីសាស្រ្តស្រាវជ្រាវ ដែលអាចធ្វើឱ្យយុវជនអនុវត្តស្រាវជា្រវចងក្រងឯកសារដោយខ្លួនឯងនៅក្នុងសហគមន៍របស់ខ្លួន។

លោកស្រី ចយស៍ ក្លាក (Joyce H. Clark) ប្រធានក្រុមប្រឹក្សាភិបាលអង្គការគាំពារកេរមរតក លើកឡើងថា ខ្លឹមសារនៃការអប់រំបេតិកភណ្ឌមានច្រើនបែបបទ ទាំងលើដី ក្រោមដី និងនៅក្នុងទឹក រួមទាំងការគោរពប្រតិបត្តិ​របស់ប្រជាជន ប៉ុន្តែអ្វីដែលសំខាន់ ក្រោយពីរៀនសូត្រហើយ ធ្វើឱ្យយើងចេះស្រលាញ់ និងចេះការពារ ដែលការពារក្នុងក្របខណ្ឌមួយថា «ថ្ងៃនេះយើងមានវប្បធម៌នេះ ថ្ងៃស្អែកក៏នៅមានវប្បធម៌នេះ ហើយនៅថ្ងៃខានស្អែក ក៏យើងនៅរក្សាបានដដែល បន្តដល់កូនចៅជំនាន់ក្រោយ»

ក្នុងឱកាសនោះដែរ សប្បុរសជនខ្មែរនៅខេត្តសៀមរាប ដែលជាភ្នាក់ងារឯកជន សហគ្រិនវ័យក្មេងមួយចំនួន បានជួយឧបត្ថម្ភជាសម្ភារសិក្សា សម្ភារកីទ្បា ដបទឹក កាបូបស្ពាយ និងចែកលិខិតសរសើរដល់សិស្សឆ្នើមផងដែរ។

សូមបញ្ជាក់ថា ដំណើរការអប់រំបណ្ដុះបណ្ដាលនេះមានរយៈពេល៨ខែ ចាប់ពីខែមករាដល់ខែសីហា ហើយត្រូវបានបិទបញ្ចប់ដោយជោគជ័យ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩៕