ខេត្តមណ្ឌលគិរី៖ ៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌឆ្នាំ១០១៩ នេះខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរជាង១ម៉ឺននាក់

​ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោកងិន សុវិមាន បានអោយដឹងថា ក្នុងរយៈ​ពេល៣ថ្ងៃ​នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ ​ ភ្ញៀវទេសចរដែលមកទស្សនា​កំសាន្តក្នុង​ខេត្តមណ្ឌលគិរី សរុបចំនួន១៤.៧៨០នាក់ ក្នុងនោះទេសចរជាតិសរុបប្រមាណចំនួន១៤.៥២៣នាក់ ទេសចរអន្តរជាតិសរុបប្រមាណចំនួន២៥៧នាក់ ធៀបនឹងឆ្នាំ២០១៨ សរុបចំនួន ១១.៣៤៦នាក់ ក្នុងនោះទេសចរជាតិចំនួន១១.១១៤នាក់ ទេសចរអន្តរជាតិចំនួន២៣២នាក់ កើនសរុប៣០,២៦% ក្នុងនោះទេសចរជាតិកើន ៣០,៦៧% ទេសចរណ៍អន្តរជាតិកើន១០,៧៧%។

លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា មុនឱកាសបុណ្យភ្ជុំបិណ្ឌ លោកក៏បានចាត់តាំងមន្ត្រី​ចុះណែនាំជាក់ស្ដែង និងបានធ្វើការផ្សព្វផ្សាយសារាចរណែនាំលេខ ០០៥ សរណន ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្តីពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ​ចាប់ពីថ្ងៃទី១៤ ១៥រោច ខែភទ្របទ និងថ្ងៃ ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៤៦៣ ត្រូវនឹងថ្ងៃទី២៧ ២៨ ២៩ ខែកញ្ញា ឆ្នាំ២០១៩ របស់ក្រសួងទេសចរណ៍ ដល់ប្រតិបត្តិករទេសចរណ៍ និងវត្តអារាមក្នុងខេត្ត ដោយមានការសហការពីមន្ទីរ ធម្មការ និងសាសនាខេត្ត ហើយក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃនេះ ស្ថានភាពទូទៅនៅក្នុងខេត្ត និងតាមរមណីយដ្ឋាននានានៅក្នុងខេត្តមណ្ឌលគិរី គឺមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ៕