គណៈរដ្ឋមន្ត្រីអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី” របបសន្តិសុខសង្គម”

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងតែចាប់បានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្តីពី” របបសន្តិសុខសង្គម”​ដើម្បីធានាឲ​មានសមធម៌ ​និងសាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខុមាលភាពនិងជីវភាពរបស់ប្រជាពលរដ្ឋ។

ក្រោយកិច្ចប្រជុំនៅថ្ងៃទី ២ ខែសីហាឆ្នាំ ២០១៩ នេះអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឱ្យដឹងថា គោលបំណងនៃសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ មានគោលបំណង​បង្កើតឲ្យមានរបបសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជាតាមគោលការណ៍សាមគ្គីធម៌ និងសមធម៌សង្គម ដែលរួមមាន ៤ផ្នែកគឺ ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោម​ច្បាប់ស្តីពីការងារ គិតរួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍។

អ្នកនាំពាក្យរដ្ឋាភិបាល រូបនេះបន្តថា សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម បានរៀបចំដោយអនុលោម​តាមទម្រង់ដែលបានណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងត្រូវបានរៀបចំឡើងដោយក្រុម​អ្នកច្បាប់របស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ សហការជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងបានសិក្សាស្រាវជ្រាវ ពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញការផ្នែកច្បាប់ជាតិ និង ជាមួយដៃគូអភិវឌ្ឍនានា ជាពិសេសភាគីនិយោជក និងសហជីព។ សេចក្តីព្រាងច្បាប់ ត្រូវបានដាក់ឆ្លង​ការប្រជុំបច្ចកទេសចំនួន ៨លើក ប្រជុំអន្តរក្រសួងនៅថ្ងៃ ២៨-២៩ ខែមិថុនា ឆ្នាំ២០១៨។ រីឯជំពួកស្តីពីទោសប្បញ្ញត្តិត្រូវបានពិភាក្សាជាមួយក្រសួងយុត្តិធម៌។

សេចក្តីព្រាងច្បាប់នេះពិតជាមានសារៈសំខាន់បំផុត សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្នុងវិស័យឯកជន និងបុគ្គលស្វ័យនិយោជន៍ ទទួលបាននូវរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាព ភាពថ្លៃថ្នូរ និងភាពសុខដុមរមនាក្នុងសង្គម។

សេចក្តីព្រាងច្បាប់នេះជាបទដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤និងជាការអនុវត្តនូវកម្មវិធី​នយោបាយរបស់​គណបក្សប្រជាជនកម្ពុជា ដែលបានប្រកាសក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ហើយដែលទទួលបានការគាំទ្រពេញទំហឹងពីប្រជាជនម្ចាស់ឆ្នោត៕