រដ្ឋាភិបាលអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក ឯ.កឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នៅខេត្តព្រះសីហនុ ខណៈសេដ្ឋកិច្ច កម្ពុជាកំពុងមានសន្ទុះរីកចម្រើន។

អនុរដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន លោក សូត យា កាលពីថ្ងៃទី ១ ខែសីហាម្សិលមិញនេះ បានដឹកនាំកិច្ច ប្រជុំអន្តរក្រសួងលើកទី២ ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុ ប៉ះពាល់បរិស្ថាន និងសង្គមពេញលញ (ESIA) សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល លើផ្ទៃដី ទំហំ ៥៥ហិកតា ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក ឯ.ក (ម្ចាស់គម្រោង) និងរៀបចំរបាយការណ៍ ESIA ដោយក្រុមហ៊ុនទីប្រឹក្សា E & A CONSULTANT CO., LTD.។

លទ្ធផលនៃកិច្ចប្រជុំនេះរួមមាន៖

១. អង្គប្រជុំគាំទ្រលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ

២. ម្ចាស់គម្រោងត្រូវអនុវត្តតាមអនុក្រឹត្យស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស

៣. ម្ចាស់គម្រោងត្រូវអនុវត្តតាមអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីមុខទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់

៤. បញ្ហាគ្រប់គ្រងសំណល់រឹង-រាវ ម្ចាស់គម្រោងត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវ ដែលមានសមត្ថភាពសម្អាតសំណល់រាវ ដោយអនុលោមតាមស្តង់ដារកំណត់របស់ក្រសួងបរិស្ថាន។ ចំពោះសំណល់រឹងក៏ត្រូវរៀបចំកន្លែងទុកដាក់ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ

៥. ម្ចាស់គម្រោងត្រូវរៀបចំប្រព័ន្ធលូ និងប្រព័ន្ធទឹកភ្លៀងឱ្យដាច់ដោយឡែកពីគ្នា

៦. ការប្រើប្រាស់ទឹក៖ ម្ចាស់គម្រោងត្រូវពិចារណាជីកស្រះទឹកបន្ថែម សម្រាប់ប្រើប្រាស់ក្នុងតំបន់ សេដ្ឋកិច្ចពិសេស ជៀសវាងប៉ះពាល់ដល់ការប្រើប្រាស់ទឹករបស់ប្រជាជន

៧. ម្ចាស់គម្រោងត្រូវយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពកម្មករ និងនិយោជិត ដោយត្រូវ បំពាក់ឧបករណ៍ការពារសុវត្ថិភាព រៀបចំកន្លែងស្នាក់នៅ និងអាហារដ្ឋានឱ្យបានសមរម្យ

៨. ម្ចាស់គម្រោងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធិទាំងការជ្រើសរើសកម្មករ និងកិច្ចសហការលើដំណោះស្រាយបញ្ហាផ្សេងៗ

៩. ម្ចាស់គម្រោងត្រូវបង្កើនមូលនិធិបរិស្ថានឱ្យបានចំនួន ១០.០០០ដុល្លារសហរដ្ឋអាមេរិក/ឆ្នាំ

៩. ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវយកមតិយោបល់របស់អង្គប្រជុំដែលបានលើកឡើងទៅធ្វើការកែសម្រួលឱ្យបានត្រឹមត្រូវ រួចដាក់ជូនក្រសួងបរិស្ថាន៕