ដើមខែកញ្ញាខាងមុខនេះ មហោស្រពតន្ត្រីបុរាណថ្មីដែលហៅថា បុណ្យរួម គ្រោងនឹងប្រារព្ធឡើងនៅក្រុងសៀមរាប

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីគម្រោងនៃការរៀបចំមហោស្រពដែលហៅថា បុណ្យរួម កាលពីចុងសប្តាហ៍កន្លងមកនេះ លោក សុង សេង ប្រធានមជ្ឈមណ្ឌលបេតិកភ័ណ្ឌរបស់អង្គការ​សិល្បៈខ្មែរអមតៈ ប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា ព្រឹត្តិការណ៍មហោស្រពតន្រ្តីបូរាណថ្មី លើកទី២ ដែលគេឲ្យឈ្មោះថា បុណ្យរួម គ្រោងនឹងប្រារព្ធឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។

កម្មវិធីនេះនឹងមានការចូលរួមដោយក្រុមសិល្បករ មកពីបណ្តាប្រទេសជុំវិញតំបន់ទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម បូកនឹងប្រទេសជប៉ុនផងដែរ ដែលមានកម្មវិធីជាច្រើនត្រូវបានរៀប​ចំឡើង ដូចជា ការប្រគំតន្ត្រី , វេទិកាពិភាក្សា ចែករំលែកនូវបទពិសោធន៍ និងជំនាញរបស់ពួកគេ សាបព្រួសគ្រាប់ពូជវប្បធម៌-សិល្បៈ ជាមួយកិច្ចសហការរវាងប្រទេសនិងប្រទេសក្នុងតំបន់មេគង្គ និងជប៉ុន នាពេលអនាគត និងសិក្ខាសាលា នៅទីតាំងផ្សេងៗគ្នាក្នុងខេត្តសៀមរាប ។

លោក សុង សេង បានបញ្ជាក់ទៀតថា ជាមួយគ្នានេះផងដែរ “បុណ្យរួម” មានគោលបំណងជួយជំរុញ និងលើកទឹកចិត្ត ដល់សិល្បករ សិល្បការិនី ដែលបានចូលរួមទាំងអស់ ឲ្យបន្តការខិតខំសិក្សាស្រាវជ្រាវ​អភិវឌ្ឍតន្ត្រីទម្រង់បុរាណប្រកបដោយភាពច្នៃប្រឌិត ហើយសមិទ្ធផលទាំងនោះ នឹងត្រូវបានយកមកចែក​រំលែកដល់ទស្សនិកជន ដែលមិនធ្លាប់បានទស្សនាឬមិនធ្លាប់បានស្តាល់ ហើយកម្មវិធីសម្តែងជូន​ទស្សនិកជន នឹងត្រូវបានបង្ហាញនៅថ្ងៃចុងក្រោយនៃមហោស្រពនោះ គឺថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ការច្នៃប្រឌិត អភិវឌ្ឍតន្រ្តីបូរាណ ត្រូវបានស្ថិតនៅក្នុងក្តីព្រួយបារម្ភមួយចំនួន ថាអាចនឹងមានហានីភ័យទៅថ្ងៃអនាគត អំពីការបាត់បង់ទម្រង់ដើមនៃសិល្បៈបូរាណ ។

លោក សុង សេង មានប្រសាសន៍បន្ថែមថា ឆ្នាំនេះ ពិតជាឆ្នាំដែលគួរឲ្យរំភើបរីករាយ ដោយសារតែឆ្នាំ​២០១៩​នេះគឺជាលើកទី២ នៃការប្រារព្ធមហោស្រពតន្ត្រីបុរាណថ្មី ដែលហៅថា បុណ្យរួម បន្ទាប់ពីមាន​ការប្រារព្ធប្រកបដោយជោគជ័យលើកទី១ ក្នុងឆ្នាំ២០១៧កន្លងទៅ ហើយក៏ជាការគិតដោយ​មោទន​ភាពផងដែរថា បណ្តាឆ្នាំបន្ទាប់ខាងមុខ បុណ្យរួម នឹងមានវត្តមានក្នុងរយៈពេល២ឆ្នាំម្តង នៅខេត្តសៀមរាប ។

សូមបញ្ជាក់ថា បុណ្យរួមនេះ រៀបចំឡើងដោយមជ្ឈមណ្ឌលបេតិកភណ្ឌរបស់អង្គការសិល្បៈខ្មែរអមតៈ ក្រោមកិច្ចសហការឧបត្ថម្ភដោយ មជ្ឈមណ្ឌលប្រចាំអាស៊ីរបស់មូលនិធិជប៉ុន , ស្ថានទូតថៃប្រចាំកម្ពុជា , សមាគមសម្ព័ន្ធភាពបារាំងប្រចាំខេត្តសៀមរាប និង ហាតរ៉ក់កាហ្វេ-អង្គរ រួមទាំងដៃគូសហការជាច្រើនទៀត ៕