កងកម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍តាថាវទទួលបានការឧបត្ថម្ភពីថ្នាក់លើ

ព្រះវិហារ៖តាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែន​គោក បានចុះសំណេះសំណាល សាកសួសុខទុក្ខ និងត្រួតពិនិត្យភូមិសាស្ត្រ ព្រមទាំងនាំយកថវិកា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ចែកជូនកងកម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍តាថាវ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧៩៥ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនគោក ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ លៀង ភារម្យ ក៏បាននាំយកការផ្ដាំផ្ញើសាកសួរទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជូនដល់កងកម្លាំងទាំងអស់ ហើយឯកឧត្តម ក៏បានក្រើនរំលឹកឲ្យបន្តកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី អង្គភាពពាកព័ន្ធ ពិសេសជាមួយកម្លាំងព្រំដែនជាប់គ្នា ហើយត្រូវចេះថែរក្សាសុខភាព និងការហូបចុកឲ្យបានត្រឹមត្រូវ រក្សាអនាម័យល្អ ជៀសវាងការកើតជំងឺដង្កាត់ផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានណែនាំ ៤ចំណុច ឲ្យកងកម្លាំងទាំងអស់អនុវត្ត ៖ ១- ត្រូវមានសាមគ្គីភាព ២- ត្រូវប្រកាន់គោលការណ៍សន្តិភាព ៣- ត្រូវរក្សាអាវុធយុទ្ធភ័ណ្ឌឲ្យល្អ និងទុកដាក់នៅកន្លែងមានសុវត្ថិភាព ៤- ត្រូវថែទាំលេណដ្ឋានឲ្យបានល្អប្រសើរ។

ឯកឧត្តម ក៏បាននាំយកថវិកាមួយចំនួនរបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ផ្តល់ជូនដល់កម្លាំងដែលកំពុងឈរជើងនៅទីនោះផងដែរ ដោយឧបត្ថម្ភ ៖ ប្រធានប៉ុស្តិ៍ ចំនួន ២០០.០០០ រៀល, អនុប្រធានប៉ុស្តិ៍ ក្នុងម្នាក់ចំនួន ១៥០.០០០ រៀល និងមន្រ្តីប៉ុស្តិ៍ ក្នុងម្នាក់ចំនួន ៥០.០០០ រៀល៕