កូនរដូវប្រាំងកើតមានក្នុងខេត្តចំនួន៣នៅសៀមរាប

ខេត្តសៀមរាប៖ ព័ត៌មានក្នុងស្រុកបានផ្សាយពីការព្រួយបារម្ភជាច្រើនរឿងទឹកជំនន់ទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ យ៉ាងនេះក្តី ខេត្តសៀមរាបបែជាកំពុងតែ​មានការព្រួយបារម្ភរឿងគ្រោះរាំង​ស្ងួតទៅវិញ។ អាជ្ញាធរខេត្តសៀមរាប អះអាងថា ដំណាំស្រូវជាច្រើនហិកតាអាចនឹងរងការខូចខាតទាំងស្រុង ប្រសិនបើមិនមានភ្លៀង ធ្លាក់ ក្នុងរយៈពេល១សប្តាហ៍ទៀត។

អ្នកនាំពាក្យ និងជាអភិបាលរងរខេត្តសៀមរាប លោក លី សំរឹទ្ធ បានឲ្យអ្នកសារព័ត៌មានដឹងថា ​ បច្ចុប្បន្នខេត្តសៀមរាប កំពុងតែជួបប្រទះកូនរដូវប្រាំងមួយដែលបានអូសបន្លាយក្នុងរយៈពេលយូរ ដោយបានធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋជាច្រើនបានស្វិត និងងាប់ជាបណ្តើរៗ ប្រសិន​បើមិនមានភ្លៀងធ្លាក់ ក្នុងរយៈពេល១សប្តាហ៍ខាងមុខនេះទៀតទេនោះ ដំណាំស្រូវជាច្រើនហិកតាអាច​នឹងរងការខូចខាតទាំងស្រុង ហើយស្រុកដែលបានទទួលរងគ្រោះរាំងស្ងួតច្រើនជាងគេ គឺស្រុកពួក ស្រុកក្រឡាញ់ និង ស្រុកស្រីស្នំ ។

លោក លី សំរឹទ្ធ បន្ថែមថា នៅខណៈពេលនេះ អាជ្ញាធរខេត្តសៀមរាប បានណែនាំដល់មន្រ្តីជំនាញ​គ្រប់ស្ថាប័នពាក់ព័ន្ធ ចុះធ្វើការបូមទឹកជួយសង្គ្រោះស្រូវទាំងនោះ ប៉ុន្តែការជួយសង្គ្រោះនេះ គឺបានសម្រាប់តែស្រែដែលមានប្រព័ន្ធធារាសាស្រ្តធំៗនៅជិតប៉ុណ្ណោះ ហើយសម្រាប់ស្រែដែលគ្មានប្រភពទឹកនៅជិត យើងមិនអាចជួយបាននោះទេ គឺមានតែរង់ចាំទឹកភ្លៀងមួយមុខប៉ុណ្ណោះ។

របាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ នៅទូទាំងខេត្តសៀមរាប ដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត មានចំនួន១៥.៩៣៨ ហិកតា ក្នុងនោះ មានស្រូវស្រាលចំនួន ៥.១៧៣ហិកតា , ស្រូវកណ្តាលចំនួន ៨.៩៤៧ហិកតា , ស្រូវធ្ងន់ចំនួន ១.៦៥២ហិកតា និង ស្រូវចំការចំនួន ១៦៦ហិកតា លើស្រុកចំនួន ៨ ស្មើនឹង៤៧ឃុំ និង ៣០៥ភូមិ មាន១៧.៩៥៦គ្រួសារ ៕