ក្រសួងមហាផ្ទៃជំរុញដល់អ្នកជំនាញស្ថាបត្យករសំណង់ទាំងអស់ត្រូវយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យទុកជាមុន​

ភ្នំពេញ៖ ដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាដែលបណ្តាលឱ្យកើតមានគ្រោះអគ្គិភ័យកើតឡើង ដែលធ្វើឱ្យបាត់បង់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិ និងជៈឥទ្ធិពលដល់គោលនយោបាយ​កាត់បន្ថយភាពក្រីក្រ ព្រមទាំងប៉ះពាល់ដល់បរិស្ថាន សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ​ក្នុងសង្គមជាតិ អ្នកជំនាញឯកទេសស្ថាបត្យករសំណង់ទាំងអស់ត្រូវយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យទុកជាមុននូវរាល់ពេលចេញគម្រោងប្លង់របស់ខ្លួន។ នេះបើតាមប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ឯកឧត្តមបានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី “ សុវត្ថិភាពអគ្គិភ័យក្នុងព្រះរាជាណាចក្រកម្ពុជា ” នាទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតមានប្រសាសន៍បន្តថា ដោយសន្ទុះនៃល្បឿនអភិវឌ្ឍន៍​លើគ្រប់វិស័យ ក្នុងនោះការអភិវឌ្ឍផ្នែកជីវភាពសង្គមកាន់តែរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ដោយឡែកវឌ្ឍនភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់ ស្ថាបត្យកម្ម អគារមានកម្ពស់ច្រើនជាន់ ជាន់ក្រោមដី បុរី ភូមិគ្រឹះ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត រោងចក្រ សហគ្រាស ក្រុមហ៊ុនប្រេងឥន្ធនៈ គ្រឹះស្ថាន គេហដ្ឋានទំនើប។ល។

បានរីកដុះដាលតាំងពីទីក្រុង ទីប្រជុំជន ដល់ជនបទ។ បន្ថែមលើនោះ តម្រូវការប្រើប្រាស់ចរន្តអគ្គិសនី មុខទំនិញងាយឆេះ ងាយផ្ទុះឆេះ ឧស្ម័នចំហេះ និងសារធាតុបំភាយកំដៅផ្សេងៗទៀត កំពុងដើរតួនាទីបម្រើសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមបន្តថា ដើម្បីបង្ការ និងទប់ស្កាត់អគ្តិភ័កាន់តែមានប្រសិទ្ធភាព ស្ថាបត្យករសំណង់ទាំងអស់ត្រូវរៀប​ចំមធ្យោបាយ ឧបករណ៍ សម្ភារសម្រាប់បង្ការ ពន្លត់ និងសង្រ្គោះ ហើយរៀបចំកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត មានដូចជាច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យ ឆ្នាំ២០១៣ អនុក្រឹត្យលេខ ១៣១ ឆ្នាំ២០១៧ ស្តីពីលក្ខខណ្ឌ និងវិធានការបង្ការ និងការពន្លត់អគ្គិភ័យ អនុក្រឹត្យលេខ ៨៧ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់សំណង់ និងគោលដៅ ដែលតម្រូវឱ្យមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ព្រមទាំងប្រកាសចាំបាច់មួយចំនួនទៀត៕