មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីប្រមាណជិត២០០នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខដំណែង និងបំពាក់ឋានន្តរសក្កិ

ខេត្តមណ្ឌលគិរី៖ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីប្រមាណជិត២០០នាក់ ត្រូវបានប្រកាស ផ្ទេរភារកិច្ចតែងតាំងមុខដំណែង និងបំពាក់ឋានន្តរសក្កិ នៅព្រឹកថ្ងៃទី ១៣ ខែសីហានេះ។ ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ឧត្តមសេនីយ៍ឯក ហាវ ចាន់សុទ្ធី  អនុប្រធាននាយកដ្ឋានបុគ្គលិកនៃ​ក្រសួងមហាផ្ទៃ និងលោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី ។

លោក ឧត្តមសេនីយ៍ឯក ហាវ ចាន់សុទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការបំពាក់ឋានន្តរសក្តិ ផ្ទេរភារៈកិច្ចនៅពេលនេះ គឺធ្វើឡើងទៅតាមច្បាប់ស្តីពី​លក្ខន្តិក​របស់មន្រ្តីនគរបាលជាតិ ដែល បានរៀបចំតាក់តែងឡើង​ក្នុងការលើកទឹកចិត្តដល់មន្ត្រីនគរបាល​ដែលមាន​ស្នាដៃ ក្នុងការពារសន្តិសុខសណ្តាប់ធ្នាប់ ជួនប្រជាពលរដ្ឋ និងសង្គមជាតិ ។

លោកឧត្តមសេនីយ៍ឯកបានបន្ថែមថា ដូច្នេះមន្ត្រីនគរបាលដែលទើបតែងតាំងថ្មីទាំងអស់ ត្រូវតែខិតខំបំពេញ​តួនាទី​របស់ខ្លួនឲ្យបានល្អប្រសើរ ត្រូវមានសាមគ្គីផ្ទៃក្នុងនឹងបន្តទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ  គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត មិនតែប៉ុណ្ណោះត្រូវយកចិត្ត​ទុកដាក់ជួយសង្គ្រោះ​ប្រជាពលរដ្ឋនៅ​ក្នុងរដូវមានចំនួនទឹកភ្លៀង ហាមដាច់ខាតមិនអោយយកកំលាំង​សមត្ថកិច្ចទៅប្រចាំការនៅ​ទីកន្លែងបុគ្គល​ឯកជន ហាមដាច់ខាតយកមធ្យោបាយអង្គភាពរដ្ឋទៅបំរើបុគ្គលឯកជន។

បើតាមការបញ្ជាក់ពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានអោយដឹងថា មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលប្រកាសផ្ទេរ​ភារកិច្ចតែងតាំង​មុខដំណែងថ្មី និង បំពាក់ឋានន្តរស័ក្តិ មានចំនួន១៧៤នាក់ ក្នុងនោះប្រកាសផ្ទេរភារកិច្ចចំនួន៣៤នាក់ តែងតាំងមុខតំណែងថ្មី ចំនួន២៧នាក់ និងតម្លើងឋានន្តរស័ក្កិចំនួន ១១៣នាក់ រួមមានថ្នាក់ វរសេនីយ៍ទោ ចំនួន ២៥នាក់ វរសេនីយ៍ត្រីចំនួន៣១នាក់ អនុសេនីយ៍ឯកចំនួន ២០នាក់អនុសេនីយ៍ទោចំនួន១២នាក់ អនុសេនីយ៍ត្រី១៨នាក់  ព្រិលបាលឯកចំនួន០៥ និងព្រិលបាលទោចំនួន ០២នាក់៕